Tuesday, January 17, 2017

សំបុត្រ​ជូន​ចំពោះ​អ្នក​ម្ដាុ​យ​

​​​ជូន​ចំពោះ​អ្នក​ម្ដាយ​ជា​ទីស្រឡាញ់​


អស់​រយៈពេល​12​ឆ្នាំ​ហើយ​ដែល​ម៉ាក់​បាន​ចេញ​ពី​កូន​និង​អ្នក​ទាំង​អស់​គ្នា។​ ម៉ាក់​បាន​ទៅកន្លែង​មួយ​ដែល​កូន​មិ​ន​អាច​នាំ​ម៉ាក់​ត្រឡប់​មក​វិញ​ កន្លែង​ដែល​ម៉ាក់​មិន​អាច​ត្រឡប់​មក​វិញ​។​ នៅទី​នោះ​ម៉ាក់​សុខ​សប្បាយ​ដែរ​ទេ?​អាកាស​ធាតុ​យ៉ាង​ម៉េចដែរ​?​សម្បូរ​ផ្លែ​ព័រ​ញ៉ាំ​ទេ? កូន​សួរ​ពី​ផ្លែព័រ​ ព្រោះ​ដឹង​ថា​ម៉ាក់​ចូលចិត្ដ​នោះ​អី​!​ម៉ាក់មាន​ដេរ​ខោ​អាវ​ទៀត​អត់​?​ ម៉ាក់​ដេរ​ផ្ញើឲ្យកូន​មួយ​ផង​!

ម៉ាក់​អើយ​ កូន​សែន​នឹក​ម៉ាក់​ណាស់​ ចង់​អោប​ម៉ាក់​ខ្លាំង​ណាស់​។​ កូន​នឹក​ កូន​ចាំ​នៅ​ចង​ចាំ​រូប​ភាព​ពីមុន​ជាច្រើន​​។​ កូន​ចាំ​ថា​កាល​កូន​អាយុ​ប្រហែល​2-3​ឆ្នាំ​ ម៉ាក់​និង​ប៉ា​នាំ​កូន​ទៅ​លេ​ង​ឆ្នេរខ្សាច់​មាត់​ស្ទឹង​ព្រៃ​ខ្លុង​ នា​ពេល​ល្ងាច។​ និយាយ​ទៅ  ពេល​ល្ងាច​ពួកយើង​ឧស្សាហ៍​ជិះ​ម៉ូតូ​ដើរ​លេង​គួរ​សម​។​ កូន​ចាំ​ទិដ្ឋភាព​ដែល​ម៉ាក់​ពរ​កូន​ពេល​កូន​អាយុ3ឆ្នាំដើរ​ទៅ​មុខ​ផ្ទះ​ ជា​ពេល​ដែល​មាន​ទឹក​ជំនន់​ឆ្នាំ​1996 ហើយ​កូន​ខ្លាច​ឈ្លើង​មែន​ទែន​។​ ម៉ាក់​និង​ប៉ា​ដាក់​ជ្រូក​លើ​ក្ដារងឿ​ក្រោម​ផ្ទះ។​ ប៉ា​ម៉ាក់​ទទួល​អ្នក​ជិត​ខាង​មួយ​ចំនួន​ដែល​ផ្ទះ​គាត់​លិច​ទឹក​ ឲ្យ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ជាមួយ​យើង។​ កូន​ចាំ​ កាលពី​កូន​រៀន​ថ្នាក់​ទី​4 ធម្មតា​ថ្ងៃ​ព្រហស្បតិ៍​ កូនអត់​រៀន​ ក្រោយ​ពេល​ពលកម្ម​នៅ​សាលា​ហើយ​ កូន​ទៅ​តូប​កាត់​ដេរ​ម៉ាក់​នៅ​ផ្សារ​ដើម្បី​យក​ម្ហូប​មក​ធ្វើ​។​ ថ្ងៃ​ព្រហស្បតិ៍មួយ ម៉ាក់​ផ្ដាំ​ថា​ ត្រូវ​ហាន់​ផ្សិតកញ្ចូ​ទទឹង​ៗ បើមិន​អញ្ចឹង​ទេ​ញ៉ាំ​មិន​ដាច់​ទេ។​ ម៉ោង​11 ប៉ាចេញ​ពី​ធ្វើ​ការ​ ហើយ​ទៅយក​ម៉ាក់​នៅ​ផ្សារ​ មក​ដល់​ផ្ទះ​ ម្ហូប​ឆ្អិន​ស្រេច​។​ ដឹង​អី​ គ្រាន់​តែ​ម៉ាក់​ បើក​ឆ្នាំ​ង​សម្ល​ភ្លាម​ ម៉ាក់វាយ​កូន​ពី​រ​បី​រំពាត់​ដោយ​ប្រើ​ឆៀក​វាស់​ក្រណាត់​ ព្រោះ​កូន​អត់​បាន​ធ្វើ​តាម​អ្វី​ដែល​ម៉ាក់​ផ្ដាំ​ គឺ​អត់​បាន​ហាន់​ផ្សិត​ទទឹង​ៗ ភ្លេច​ឲ្យ​ឈឹង​តែ​ម្ដង​ម៉ាក់​អើយ!​ ចំណែក​ប៉ាញ៉ាំ​ដោយ​មិន​មាត់​មួយ​ម៉ាត់​សោះ​ឡើយ​។​ 

និយាយ​ពីរឿង​ដេរ​វិញ​ កូន​មិន​បាន​ជួយ​អ្វី​ម៉ាក់​ច្រើន​ទេ បាន​ត្រឹម​ដំឡេវ ស្រេះរន្ធ​ឡេវ ឆិត​ជើង​សំពត់​ជាដើម​។​ កាល​នោះ​ម៉ាក់​រវល់​ណាស់​ មិន​ត្រឹម​តែ​ដេរ​ទេ ថែម​ទាំង​ឆ្លៀត​ទៅ​កាត់​ធាង​ត្រាវ​ជាមួយ​ប៉ា យក​មក​ធ្វើ​បបរ​ជ្រូក​ទៀត​។​ ចំណី​ពិសេស​របស់​ជ្រូក​យើង​ គឺបបរធាង​ត្រាវ ដែល​មាន​គ្រឿង​ផ្សំ​ដូច​ជា ធាង​ត្រាវ​ហាន់​ល្អិតៗ អង្ករ​ ឬ​ចុង​អង្ករ​ អំបិល​បន្ដិច ពេល​ឆ្អិន​ទុក​ឲ្យ​ត្រជាក់​បន្ដិច​ រួច​លាយ​ជាមួយ​កន្ទក់​ជាការ​ស្រេច​។​

ម៉ាក់​ ជា​ម៉ាក់​ដែល​កាច​បន្ដិច​ ឬអាច​ថា​កាច​គួរ​សម។​ ម៉ាក់​បង្រៀន​កូន​ឲ្យ​ស្គាល់​អក្សរ​អស់​តាំង​ពី​កូន​អាយុ​3​ឆ្នាំ​ មុននឹង​គេង​ត្រូវ​តែ​រៀន​ បើ​មិន​អញ្ចឹង​ទេ​ដឹង​តែ​រំពាត់​ហើយ។​ អរគុណ​ម៉ាក់​ កូន​សង្ឃឹម​ថា​ម៉ាក់​សប្បាយ​ចិត្ដ​ ព្រោះ​ទាក់​ទង​នឹង​រឿង​រៀន​កូន​មិន​ឲ្យ​គ្រួសារ​លំបាក​ចិត្ដ​ឡើយ​។​
និយាយ​ពីរឿង​ភាគ​វិញ​ ម៉ាក់​ចូល​ចិត្ដ​ណាស់​ ហើយ​រឿងភាគ​ចុង​ក្រោយ​ដែល​ម៉ាក់​ចូល​ចិត្ដ​ជាង​គេ​នោះ​គឺ​រឿង​ F4​ ចិន​។​ ម៉ាក់​ចូល​ចិត្ដ​ រហូត​ដល់​ពេល​កូន​ប្រុស​ពៅ​ម៉ាក់​ប្រសូតមក​នៅ​ឆ្នាំ​2003 ម៉ាក់​បាន​ដាក់​ឈ្មោះ​ថា ម៉េង​ស៊ឺ។ បាន​ប៉ុន្មាន​ថ្ងៃ​ បង​ថ្លៃ​ម៉ាក់​ប្រាប់​ឲ្យ​ប្ដូរទៅ​ជា ជី​ម៉េង​ វិញ​ ព្រោះ​គាត់​ខ្លាច​ គេ​មិន​ហៅក្មួយ​គាត់​ថា ម៉េង​ស៊ឺ បែរ​ជា​ហៅ​ថា​ អាស៊ឺង​ទៅ​វិញ​។ 

ព្រហ្មលិខិត​ឥត​មេត្ដា ជា​កម្ម​ឬ​អ្វី​ សុខ​ៗជម្ងឺ​សាមាន្យ​មក​យាយី​ម៉ាក់​ត្រឹម​ពេល​ដ៏ខ្លី​។​ខែ​ទី​2ដែល​ម៉ាក់​ឈឺ កូន​ត្រូវ​ទៅ​នៅ​ផ្ទះ​យាយ​ជាមួយ​ប្អូនៗ ដើម្បី​ឲ្យ​​ប្អូន​ពៅ​ដែល​មាន​អាយុ​ទើប​8ខែ​ឈប់​មឹមដោះ​ម៉ាក់​ព្រោះ​ម៉ាក់​ឈឺ។​ កូន​នៅ​ចាំ​ ថ្ងៃ​ទី​7 ខែ​ធ្នូ​ ឆ្នាំ​ 2004 ពេល​រសៀល​អ្នក​ជិត​ខាង​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​យាយ​ប្រាប់​កូន​ថា​ម៉ាក់​មិន​ស្រួល​ខ្លាំង​ហើយ​ ប្រញាប់​ទៅ​ផ្ទះជា​បន្ទាន់​។​ កូន​មិន​អាច​ទទួល​យក​បាន​ទេ មិន​មែន​ជា​ការ​ពិត​ទេ ម៉ាក់​ប្រាកដ​ជា​ជា ម៉ាក់​មិន​អី​ទេ​។​ ពុទ្ធោ​ម៉ាក់​ខ្ញុំ និយាយ​លែង​លឺ​ហើយ​ ម៉ាក់​ព្យាយាម​និយាយ​ជាមួយ​កូន​ បបូរ​មាត់​ម៉ាក់បាន​ត្រឹម​​កម្រើក​តិចៗ​ បង​ប្រុស​បាន​បន្ដក់​ទឹក​ដាក់​ក្នុង​មាត់​ម៉ាក់​ និង​ទ្រ​ចង្កា​របស់​ម៉ាក់​ សម្លេង​សូត្រធម៌​បាន​បន្លឺ​ឡើង​នៅ​ក្បែរ​ខ្លួន​ម៉ាក់​...ម៉ោង​ 6 និង​05 នាទី​ល្ងាច​ វេលា​ដែល​ម៉ាក់​ចាក​ចេញ​ទៅ​ ចេញ​ទៅ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​មក​រក​កូន​វិញ​ឡើយ​។​ កូន​មិន​អាច​ធ្វើ​អ្វីបាន មាន​តែ​យំៗៗៗ យំសុំ​ឲ្យ​ទេវតា​ប្រទាន​ម៉ាក់​មកវិញ​ ប្រោះ​ជីវិត​ម៉ាក់​ឲ្យ​ដឹង​ខ្លួន​ឡើង​វិញ ដូច​រឿង​និទាន​ដែល​កូន​ធ្លាប់​អាន​។​ ប៉ុន្ដែ​លោក​ មិន​ត្រាប្រណី​ មិន​ស្ដាប់​ការ​អង្វរ​ករ​របស់​កូន​ឡើយ​។​ កូន​ស្អប់​ៗៗៗៗៗ ស្អប់​អ្នក​ដែល​យក​ម៉ាក់​ចេញ​ពី​កូន​ទៅ​។​ អ្នក​ពិត​ជា​អាក្រក់​ណាស់​ ឃោឃៅ​ណាស់​ ម្ដេច​មិន​ឲ្យ​ម៉ាក់​ខ្ញុំ​ជា​ ហើយ​បន្ដ​រស់នៅ​ជាមួយ​ខ្ញុំ​បាន​យូរ​ជាង​នេះ​។​ កូន​យំ​ យំ​ យំយ៉ាង​ណា​ក៏​ម៉ាក់​មិន​ត្រឡប់​មក​តាម​ការ​ដង្ហើយ​ហៅ​របស់​កូន​ឡើយ​ ម៉ាក់​ទៅ​ហើយ​ ម៉ាក់​ទៅ​ចោល​កូន​ហើយ​។ ទិដ្ឋភាព​នៃ​ដង្ហើម​ចុង​ក្រោយ​របស់​ម៉ាក់​ នៅ​តែដិត​ដាម​នឹង​នេត្រា​របស់​កូន​ជា​និច្ច​ មិន​រសាត់​ទៅ​តាម​ពេល​វេលា​នោះ​ទេ ហើយ​ហាក់​ដូច​ជា​នៅ​ថ្មី​នៅ​ឡើយ​។ គ្រានោះ​កូន​អាយុ​11​ឆ្នាំ​ ដូច្នេះកូន​អាច​ចង​ចាំ​បាន​យ៉ាង​ច្បាស់​។ 

ឳ ម៉ាក់​អើយ​ និយាយ​យ៉ាង​ណាឲ្យ​ម៉ាក់​ដឹង​ថា​កូន​នឹក​ម៉ាក់​បំផុត។ គ្រប់​ពេល​ឃើញ​ម្ដាយ​គេ​ កូន​រិតនឹក​ស្រណោះ​ខ្លួន​ខ្លាំង​ឡើងៗ ត្រេក​អរ​ដែល​គេ​មាន​សំណាង​ ហើយ​ស្រណោះ​នឹក​ម្ដាយ​ខ្លួន​។ បទ​ខ្លង​ខែក​ តែង​តែ​ធ្វើ​ឲ្យ​កូន​រំជួល​ចិត្ដ​ តែង​តែ​ធ្វើ​ឲ្យ​ដំបៅ​ដួង​ចិត្ដ​រើ​ឡើង ជា​បទ​ដែល​បង្ហាញ​ពី​សេចក្ដី​ព្រាត់​ប្រាស់​គ្មា​ន​ថ្ងៃ​ជួប​ជុំ​។​ ទឹក​ភ្នែក​កូន​ហូរ​ កូន​មិនអាច​ទប់​ទឹក​ភ្នែក​បាន​ទេ។​ ទោះបី​ជា​កូន​ដឹង​ថា​ជីវិត​មនុស្ស​គឺ​មិន​ទៀង​បែប​នេះ​ឯង​ តែ​កូន​នៅ​តែ​ពិបាក​ទទួល​យកការ​បាត់​បង់​មួយនេះ​​ណាស់​ កូន​ឈឺ​ចាប់​ណាស់​ កូន​យំ យំ​ដូច​កូន​ក្មេង​ យំ​ដូច​មនុស្ស​ឆ្កួត​។​ ពេល​ដំបៅ​បាត់​បង់​មួយ​នេះ​ធ្វើ​ទុក្ខម្ដងៗ កូន​ពិបាក​ក្នុង​ខ្លួន​ណាស់ ដូច​មាន​អ្វី​មក​ចាក់​ដោត​ទ្រូង​កូន​យ៉ាង​ដូច្នោះ។​ 
កូន​ដឹង​ថា​ម៉ាក់​នៅ​ក្បែរ​កូន​ ម៉ាក់​លឺ​ការ​រៀបរាប់​របស់​កូន​ ពេល​កូន​យំ​នឹក​ម៉ាក់​ពេក ម៉ាក់​លួង​លោម​កូន​ ជូត​ទាំង​ភ្នែក​ឲ្យ​កូន​។​ កូន​មិន​ចង់​ឲ្យ​ម៉ាក់​ពិបាក​ចិត្ដ​ ដោយ​សារ​ឃើញ​កូន​យំទេ តែកូន​ពិបាក​ក្នុង​ចិត្ដ​ពេក​ ក្រៅ​ពី​យំ​កូន​អាច​ធ្វើ​អ្វី​បាន​...

ទោះ​ជា​យ៉ាង​ណា​ក៏​កូន​មិន​ធ្វើ​បាបខ្លួន​ឯង​ដែរ​ កូន​បាន​ខិត​ខំរៀន​រហូត​មក​ រហូត​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ជោគ​ជ័យ​ ម៉ាក់​ប្រាកដ​ជា​សប្បាយ​ចិត្ដ​។​ មិន​មាន​ម៉ាក់​នៅ​ក្បែរ​កាយ​ តែកូន​មិន​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ទៅជា​ក្មេង​អាក្រក់​នោះ​ទេ​ ម៉ាក់​នៅ​តែ​ជា​កម្លាំង​ចិត្ដ​របស់​កូន​ ឲ្យ​កូន​ធ្វើ​ជា​មនុស្ស​ល្អ​ មនុស្ស​ដែល​សង្គម​មិន​ស្អប់​ខ្ពើម​។​

កូន​សូម​អរគុណ​ម៉ាក់ដែល​បាន​ផ្ដល់​កំណើត​ឲ្យ​កូន​ ព្រម​ទាំង​​បាន​បញ្ជូន​មនុស្ស​ល្អៗឲ្យ​ស្រឡាញ់​ យក​ចិត្ដ​ទុក​ដាក់​នឹង​កូន​ ពេលដែល​ម៉ាក់​មិន​នៅ​ជិត​កូន​!កូន​ក៏​សង្ឃឹម​និង​ជឿ​ជាក់​ថា​ នៅ​ឋានសួគ៌ម៉ាក់​រស់​នៅ​ដោយ​សុខ​សប្បាយ​ រីក​រាយ​បំផុត!
ពី​កូន​របស់​ម៉ាក់​
តូ ម៉ាលីន​ដា​
07.12.17

No comments:

Post a Comment