ជូនចំពោះអ្នកម្ដាយជាទីស្រឡាញ់
អស់រយៈពេល12ឆ្នាំហើយដែលម៉ាក់បានចេញពីកូននិងអ្នកទាំងអស់គ្នា។ ម៉ាក់បានទៅកន្លែងមួយដែលកូនមិនអាចនាំម៉ាក់ត្រឡប់មកវិញ កន្លែងដែលម៉ាក់មិនអាចត្រឡប់មកវិញ។ នៅទីនោះម៉ាក់សុខសប្បាយដែរទេ?អាកាសធាតុយ៉ាងម៉េចដែរ?សម្បូរផ្លែព័រញ៉ាំទេ? កូនសួរពីផ្លែព័រ ព្រោះដឹងថាម៉ាក់ចូលចិត្ដនោះអី!ម៉ាក់មានដេរខោអាវទៀតអត់? ម៉ាក់ដេរផ្ញើឲ្យកូនមួយផង!
ម៉ាក់អើយ កូនសែននឹកម៉ាក់ណាស់ ចង់អោបម៉ាក់ខ្លាំងណាស់។ កូននឹក កូនចាំនៅចងចាំរូបភាពពីមុនជាច្រើន។ កូនចាំថាកាលកូនអាយុប្រហែល2-3ឆ្នាំ ម៉ាក់និងប៉ានាំកូនទៅលេងឆ្នេរខ្សាច់មាត់ស្ទឹងព្រៃខ្លុង នាពេលល្ងាច។ និយាយទៅ ពេលល្ងាចពួកយើងឧស្សាហ៍ជិះម៉ូតូដើរលេងគួរសម។ កូនចាំទិដ្ឋភាពដែលម៉ាក់ពរកូនពេលកូនអាយុ3ឆ្នាំដើរទៅមុខផ្ទះ ជាពេលដែលមានទឹកជំនន់ឆ្នាំ1996 ហើយកូនខ្លាចឈ្លើងមែនទែន។ ម៉ាក់និងប៉ាដាក់ជ្រូកលើក្ដារងឿក្រោមផ្ទះ។ ប៉ាម៉ាក់ទទួលអ្នកជិតខាងមួយចំនួនដែលផ្ទះគាត់លិចទឹក ឲ្យស្នាក់នៅបណ្ដោះអាសន្នជាមួយយើង។ កូនចាំ កាលពីកូនរៀនថ្នាក់ទី4 ធម្មតាថ្ងៃព្រហស្បតិ៍ កូនអត់រៀន ក្រោយពេលពលកម្មនៅសាលាហើយ កូនទៅតូបកាត់ដេរម៉ាក់នៅផ្សារដើម្បីយកម្ហូបមកធ្វើ។ ថ្ងៃព្រហស្បតិ៍មួយ ម៉ាក់ផ្ដាំថា ត្រូវហាន់ផ្សិតកញ្ចូទទឹងៗ បើមិនអញ្ចឹងទេញ៉ាំមិនដាច់ទេ។ ម៉ោង11 ប៉ាចេញពីធ្វើការ ហើយទៅយកម៉ាក់នៅផ្សារ មកដល់ផ្ទះ ម្ហូបឆ្អិនស្រេច។ ដឹងអី គ្រាន់តែម៉ាក់ បើកឆ្នាំងសម្លភ្លាម ម៉ាក់វាយកូនពីរបីរំពាត់ដោយប្រើឆៀកវាស់ក្រណាត់ ព្រោះកូនអត់បានធ្វើតាមអ្វីដែលម៉ាក់ផ្ដាំ គឺអត់បានហាន់ផ្សិតទទឹងៗ ភ្លេចឲ្យឈឹងតែម្ដងម៉ាក់អើយ! ចំណែកប៉ាញ៉ាំដោយមិនមាត់មួយម៉ាត់សោះឡើយ។
និយាយពីរឿងដេរវិញ កូនមិនបានជួយអ្វីម៉ាក់ច្រើនទេ បានត្រឹមដំឡេវ ស្រេះរន្ធឡេវ ឆិតជើងសំពត់ជាដើម។ កាលនោះម៉ាក់រវល់ណាស់ មិនត្រឹមតែដេរទេ ថែមទាំងឆ្លៀតទៅកាត់ធាងត្រាវជាមួយប៉ា យកមកធ្វើបបរជ្រូកទៀត។ ចំណីពិសេសរបស់ជ្រូកយើង គឺបបរធាងត្រាវ ដែលមានគ្រឿងផ្សំដូចជា ធាងត្រាវហាន់ល្អិតៗ អង្ករ ឬចុងអង្ករ អំបិលបន្ដិច ពេលឆ្អិនទុកឲ្យត្រជាក់បន្ដិច រួចលាយជាមួយកន្ទក់ជាការស្រេច។
ម៉ាក់ ជាម៉ាក់ដែលកាចបន្ដិច ឬអាចថាកាចគួរសម។ ម៉ាក់បង្រៀនកូនឲ្យស្គាល់អក្សរអស់តាំងពីកូនអាយុ3ឆ្នាំ មុននឹងគេងត្រូវតែរៀន បើមិនអញ្ចឹងទេដឹងតែរំពាត់ហើយ។ អរគុណម៉ាក់ កូនសង្ឃឹមថាម៉ាក់សប្បាយចិត្ដ ព្រោះទាក់ទងនឹងរឿងរៀនកូនមិនឲ្យគ្រួសារលំបាកចិត្ដឡើយ។
និយាយពីរឿងភាគវិញ ម៉ាក់ចូលចិត្ដណាស់ ហើយរឿងភាគចុងក្រោយដែលម៉ាក់ចូលចិត្ដជាងគេនោះគឺរឿង F4 ចិន។ ម៉ាក់ចូលចិត្ដ រហូតដល់ពេលកូនប្រុសពៅម៉ាក់ប្រសូតមកនៅឆ្នាំ2003 ម៉ាក់បានដាក់ឈ្មោះថា ម៉េងស៊ឺ។ បានប៉ុន្មានថ្ងៃ បងថ្លៃម៉ាក់ប្រាប់ឲ្យប្ដូរទៅជា ជីម៉េង វិញ ព្រោះគាត់ខ្លាច គេមិនហៅក្មួយគាត់ថា ម៉េងស៊ឺ បែរជាហៅថា អាស៊ឺងទៅវិញ។
ព្រហ្មលិខិតឥតមេត្ដា ជាកម្មឬអ្វី សុខៗជម្ងឺសាមាន្យមកយាយីម៉ាក់ត្រឹមពេលដ៏ខ្លី។ខែទី2ដែលម៉ាក់ឈឺ កូនត្រូវទៅនៅផ្ទះយាយជាមួយប្អូនៗ ដើម្បីឲ្យប្អូនពៅដែលមានអាយុទើប8ខែឈប់មឹមដោះម៉ាក់ព្រោះម៉ាក់ឈឺ។ កូននៅចាំ ថ្ងៃទី7 ខែធ្នូ ឆ្នាំ 2004 ពេលរសៀលអ្នកជិតខាងបានជិះម៉ូតូមកផ្ទះយាយប្រាប់កូនថាម៉ាក់មិនស្រួលខ្លាំងហើយ ប្រញាប់ទៅផ្ទះជាបន្ទាន់។ កូនមិនអាចទទួលយកបានទេ មិនមែនជាការពិតទេ ម៉ាក់ប្រាកដជាជា ម៉ាក់មិនអីទេ។ ពុទ្ធោម៉ាក់ខ្ញុំ និយាយលែងលឺហើយ ម៉ាក់ព្យាយាមនិយាយជាមួយកូន បបូរមាត់ម៉ាក់បានត្រឹមកម្រើកតិចៗ បងប្រុសបានបន្ដក់ទឹកដាក់ក្នុងមាត់ម៉ាក់ និងទ្រចង្ការបស់ម៉ាក់ សម្លេងសូត្រធម៌បានបន្លឺឡើងនៅក្បែរខ្លួនម៉ាក់...ម៉ោង 6 និង05 នាទីល្ងាច វេលាដែលម៉ាក់ចាកចេញទៅ ចេញទៅដោយគ្មានថ្ងៃត្រឡប់មករកកូនវិញឡើយ។ កូនមិនអាចធ្វើអ្វីបាន មានតែយំៗៗៗ យំសុំឲ្យទេវតាប្រទានម៉ាក់មកវិញ ប្រោះជីវិតម៉ាក់ឲ្យដឹងខ្លួនឡើងវិញ ដូចរឿងនិទានដែលកូនធ្លាប់អាន។ ប៉ុន្ដែលោក មិនត្រាប្រណី មិនស្ដាប់ការអង្វរកររបស់កូនឡើយ។ កូនស្អប់ៗៗៗៗៗ ស្អប់អ្នកដែលយកម៉ាក់ចេញពីកូនទៅ។ អ្នកពិតជាអាក្រក់ណាស់ ឃោឃៅណាស់ ម្ដេចមិនឲ្យម៉ាក់ខ្ញុំជា ហើយបន្ដរស់នៅជាមួយខ្ញុំបានយូរជាងនេះ។ កូនយំ យំ យំយ៉ាងណាក៏ម៉ាក់មិនត្រឡប់មកតាមការដង្ហើយហៅរបស់កូនឡើយ ម៉ាក់ទៅហើយ ម៉ាក់ទៅចោលកូនហើយ។ ទិដ្ឋភាពនៃដង្ហើមចុងក្រោយរបស់ម៉ាក់ នៅតែដិតដាមនឹងនេត្រារបស់កូនជានិច្ច មិនរសាត់ទៅតាមពេលវេលានោះទេ ហើយហាក់ដូចជានៅថ្មីនៅឡើយ។ គ្រានោះកូនអាយុ11ឆ្នាំ ដូច្នេះកូនអាចចងចាំបានយ៉ាងច្បាស់។
ឳ ម៉ាក់អើយ និយាយយ៉ាងណាឲ្យម៉ាក់ដឹងថាកូននឹកម៉ាក់បំផុត។ គ្រប់ពេលឃើញម្ដាយគេ កូនរិតនឹកស្រណោះខ្លួនខ្លាំងឡើងៗ ត្រេកអរដែលគេមានសំណាង ហើយស្រណោះនឹកម្ដាយខ្លួន។ បទខ្លងខែក តែងតែធ្វើឲ្យកូនរំជួលចិត្ដ តែងតែធ្វើឲ្យដំបៅដួងចិត្ដរើឡើង ជាបទដែលបង្ហាញពីសេចក្ដីព្រាត់ប្រាស់គ្មានថ្ងៃជួបជុំ។ ទឹកភ្នែកកូនហូរ កូនមិនអាចទប់ទឹកភ្នែកបានទេ។ ទោះបីជាកូនដឹងថាជីវិតមនុស្សគឺមិនទៀងបែបនេះឯង តែកូននៅតែពិបាកទទួលយកការបាត់បង់មួយនេះណាស់ កូនឈឺចាប់ណាស់ កូនយំ យំដូចកូនក្មេង យំដូចមនុស្សឆ្កួត។ ពេលដំបៅបាត់បង់មួយនេះធ្វើទុក្ខម្ដងៗ កូនពិបាកក្នុងខ្លួនណាស់ ដូចមានអ្វីមកចាក់ដោតទ្រូងកូនយ៉ាងដូច្នោះ។
កូនដឹងថាម៉ាក់នៅក្បែរកូន ម៉ាក់លឺការរៀបរាប់របស់កូន ពេលកូនយំនឹកម៉ាក់ពេក ម៉ាក់លួងលោមកូន ជូតទាំងភ្នែកឲ្យកូន។ កូនមិនចង់ឲ្យម៉ាក់ពិបាកចិត្ដ ដោយសារឃើញកូនយំទេ តែកូនពិបាកក្នុងចិត្ដពេក ក្រៅពីយំកូនអាចធ្វើអ្វីបាន...
ទោះជាយ៉ាងណាក៏កូនមិនធ្វើបាបខ្លួនឯងដែរ កូនបានខិតខំរៀនរហូតមក រហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ ម៉ាក់ប្រាកដជាសប្បាយចិត្ដ។ មិនមានម៉ាក់នៅក្បែរកាយ តែកូនមិនបានបណ្ដោយខ្លួនឲ្យទៅជាក្មេងអាក្រក់នោះទេ ម៉ាក់នៅតែជាកម្លាំងចិត្ដរបស់កូន ឲ្យកូនធ្វើជាមនុស្សល្អ មនុស្សដែលសង្គមមិនស្អប់ខ្ពើម។
កូនសូមអរគុណម៉ាក់ដែលបានផ្ដល់កំណើតឲ្យកូន ព្រមទាំងបានបញ្ជូនមនុស្សល្អៗឲ្យស្រឡាញ់ យកចិត្ដទុកដាក់នឹងកូន ពេលដែលម៉ាក់មិននៅជិតកូន!កូនក៏សង្ឃឹមនិងជឿជាក់ថា នៅឋានសួគ៌ម៉ាក់រស់នៅដោយសុខសប្បាយ រីករាយបំផុត!
ពីកូនរបស់ម៉ាក់
តូ ម៉ាលីនដា
07.12.17